Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្ត្រីកសិកម្មខេត្តព្រះសីហនុចុះលើកទឹកចិត្តវារីវប្បករចិញ្ចឹមត្រីឆ្ពង់ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

Views: 1

ដោយៈ ប ខុន/ភ្នំពេញៈ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខវារីវប្បករចិញ្ចឹមត្រីឆ្ពង់រងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលបណ្តាលឱ្យត្រីចិញ្ចឹមតាមបែរជាច្រើនបានងាប់ ហើយក្រុមការងារក៏បានជួយកូនត្រីដល់វារីវប្បករដែលរងគ្រោះខ្លាំងជាងគេចំនួន៥.០០០ក្បាលផងដែរ។

លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ថា តាមការណែនាំរបស់ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែកញ្ញា លោកបានដឹកនាំក្រុមការងារចុះសួរសុខទុក្ខវារីវប្បករចិញ្ចឹមត្រីឆ្ពង់ នៅភូមិ៣ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ដែលកំពុងជួបបញ្ហាត្រីងាប់ដោយសារជំនន់ទឹកភ្លៀងខ្លាំងហូរចូលតាមព្រែក។
នៅក្នុងស្រុកស្ទឹងហាវនេះលោក នេន ចំរើន បញ្ជាក់ថា មានវារីវប្បករចិញ្ចឹមត្រីឆ្ពង់ចំនួន១៩គ្រួសារដែលត្រីចឹញ្ចឹមរបស់ខ្លួនបានងាប់ដោយគ្រាន់តែអ្នកខ្លះមនចំនួនតិចនិងអ្នកខ្លះមានចំនួនច្រើន។ នៅក្នុងចំណោម១៩គ្រួសារនេះ មានមួយគ្រួសារប៉ះពាល់ខ្លាំងជាងគេ គឺវារីវប្បករ ធឿន សុខជា ដោយមានត្រីងាប់អស់ប្រមាណ១០.០០០កូន ស្ថិតនៅភូមិ៣ ឃុំទំនប់រលក ស្រុកស្ទឹង។ ត្រីឆ្ពង់ដែលបានងាប់នេះវារីវប្បករបានដាក់ចញ្ចឹមកាលពី៤ខែមុនហើយ ត្រីដែលបានងាប់មានទម្ងន់ចាប់ពី៥ទៅ៧ក្បាលស្មើ១គីឡូក្រាម។

លោកនេន ចំរើន បាននិយាយឱ្យដឹងទៀតថានៅក្នុងឱកាសចុះសួរសុខទុក្ខដោយមានមន្ត្រីជំនាញអមជាមួយផងនេះលោកបានជួយឧបត្ថម្ភកូនត្រីចំនួន៥.០០០កូនដល់ឈ្មោះ ធឿន សុខជា ដោយកូនត្រីមួយក្បាលថ្លៃ១.២០០រៀល។ វារីវប្បករចិញ្ចឹមត្រីឆ្ពង់មួយរូបទៀត ក៏ក្រុមការងារបាន ជួយកូនត្រីចំនួន១.០០០ក្បាលផងដែរ។ ត្រីដែលងាប់ដោយសារទឹកភ្លៀងខ្លាំងនេះ តាមការគ្រោងអ្នកចិញ្ចឹមអាចចាប់លក់បាននៅដើមរដូវប្រាំងខាងមុខ។

លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ថា វារីវប្បករចិញ្ចឹមត្រីឆ្ពង់ចុះឈ្មោះនៅក្នុងខេត្តមានចំនួន ៩២គ្រួសារ តែមានចំនួនតែ៣០គ្រួសារទេដែលបានដំណើរការដោយក្នុងនេះនៅស្រុកព្រៃនប់១១គ្រួសារ និងនៅស្ទឹងហាវ១៩គ្រួសារ ដោយឡែកអ្នកផ្សេងគឺកំពុងរង់ចាំមើលស្ថានភាពទីផ្សារ៕/r

Post navigation